សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល បានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស សម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត តែ ក្រោយពេលរៀនចប់ ត្រូវធានាថា ចេះ និងមានការងារធ្វើ ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស បានផ្ដល់នូវប្រយោជន៍ជាច្រើន តែមិនត្រឹមតែផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេ ថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ ព្រោះពលរដ្ឋក្រីក្រដែលមានប័ណ្ណ នឹងត្រូវផ្ដល់ថវិកាប្រចាំខែបន្ថែម ២៨ម៉ឺនរៀល។