អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជា បានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាពគីពាក់ព័ន្ធ។