នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការនាំចេញផលិតផលកសិកម្មក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ចំនួន១៩៧,៥៨៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៨១,០៧៣តោន។ខណៈដែលការនាំចេញស្រូវ ក្នុងរយៈពេលដូចគ្នានេះ បានចំនួន១,៦០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៧៥១,៤៩៦តោន។ ស្របពេលដែលកម្ពុជាកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបាន ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះ រួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន១៤១,៤៥% នៃផែនការ ៤៥៩,២០០ ហិកតា, ទទួលបានផលសរុប២,៩៣លានតោន លើសឆ្នាំទៅចំនួន ៥៤,០០០លានតោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោនក្នុងមួយហិកតា។
២៖ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥,៣៨២ហិកតា។
៣៖ ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១,១១៧លានតោន ដែលក្នុងនេះ មានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖
* ការនាំស្រូវចេញ បានចំនួន១,៦០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៧៥១,៤៩៦តោន
* ចំណិតដំឡូងមី១,២០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន២២៣,៨១៣តោន
* គ្រប់ស្វាយចន្ទី ០,៨០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៦១០,៥៥៩តោន
* គ្រប់ពោត ១៣៤,០៧៩តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៩៨,៤៤២តោន
* សណ្តែកបាយ ១១,១០០តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៨,៣៩០តោន
* ចេកស្រស់ ១៩៧,៥៨៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៨១,០៧៣តោន
* ផ្លែក្រូចថ្លុង ២១,១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន១១,២១៨តោន
* ផ្លែស្វាយស្រស់ ១៥២,០៩០តោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០៨,០៤០តោន
* ដំណាប់ស្វាយ ១០,៥៥៣តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៧,០០១តោន
* ដូងប្រេង ១៩,៩១៦តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៥,២៤៦តោន
* ម្រេច ៦,៧៩៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៤,២៧៤តោន
* ម្ទេសស្រស់ ៥៦,៥០៧តោន ច្រើនជាងឆ្នាំ២០២០ ចំនួន២៧,៥០៨តោន។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅតាមមុខព្រួញ ទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្ត ដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការរបស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច។