ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចធិបតី ឯកភាពចំពោះការប្រើពាក្យ “ផែនការសកម្មភាពដែលរស់រវើក”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រ និងឯកភាពចំពោះការប្រើពាក្យ “ផែនការសកម្មភាពដែលរស់រវើក” ដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដោយសម្តេចបានថ្លែងថា ផែនការសកម្ម ភាពដែលរស់រវើក មិនមែនផែនការសកម្មភាពដែលសរសេរហើយនៅលើក្រដាស ហើយត្រូវតែអនុវត្តឲ្យដូចបន្ទាត់នោះទេ។

 

សម្តេចថ្លែងនារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

 

សម្ដេចធិបតីបន្តថា ត្រូវដាក់ទិសដៅសមត្តកម្មជាគោល។ អ្វីនៅលើក្រដាស ត្រូវកែសម្រួលឱ្យស្របតាមសមត្តកម្មដែលយើងចង់បាន។ ពិតណាស់យើងត្រូវអនុវត្តន៍នៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌយុទ្ធសាស្ត្រកម្រិតមួយ ក៏ប៉ុន្តែកុំឱ្យវាងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយផ្អែកតាមច្បាប់ ក៏មិនហ៊ានកែប្រែនៅក្នុងក្របខណ្ឌអនុវត្ត។

 

សម្តេចធិបតី បន្តថា ពាក្យនេះសំខាន់ណាស់ ព្រោះពេលវេលាជាមាសពេជ្រ។ បើយើងចាំដល់ប្រជុំមួយឆ្នាំទើបកែសម្រួលផែនការ យើងខាតអស់ ១២ខែ។ នេះហើយទាមទារការវាយតម្លៃជាប់ជាប្រចាំ ហើយការតាមដានត្រួតពិនិត្យគឺជាការសំខាន់ណាស់។ ជួនកាលអ្វីដែលយើងដាក់កាលពីឆ្នាំនេះ វាផ្អែកទៅលើស្ថានភាពអតីតកាល និងបច្ចុប្បន្នកាល វាមិនស្របទៅនឹងសកម្មភាព ដើម្បីឆ្លើយតបទៅសកម្មភាពនៃអនាគតកាលនោះទេ។ ដូច្នេះត្រូវកែប្រែទៅតាមស្ថានភាពជាក់ស្ដែង។

 

សម្តេចបន្តថា៖ “ខ្ញុំពេញចិត្តចំពោះពាក្យ «ផែនការសកម្មភាពដែលរស់រវើក»។ ខ្ញុំឯកភាពគឺត្រូវផ្អែកទៅលើភាពជាក់ស្ដែងនិយម កុំផ្អែកទៅលើទ្រឹស្ដីនិយមគឺផ្អែកទៅលើភាពជាក់ស្ដែង”។

 

nmr