ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់កម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះថា គម្រោងជីកព្រែកនេះ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ។

 

សម្ដេចតេជោ បានមានប្រសាសន៍ដើម្បីឆ្លើយតបទៅនឹងកាសែតបរទេស ដែលបានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ត្រង់ចំណុចនេះ សម្តេចបានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជាបានស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ»។ ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខណ្ឌយុទ្ធសាស្រ្ដនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជាសុទ្ធសាធ»។

 

សម្ដេចតេជោ បានបន្ដថា ជាមួយនឹងគម្រោងនេះ នៅពេលដែលសម្ដេចទៅចិន ក៏បានសុំឱ្យភាគីចិនគាំទ្រ ហើយនៅពេលរដ្ឋមន្ដ្រីការបរទេសចិនមកកាន់កម្ពុជា ក៏ស្នើសុំឱ្យគាត់គាំទ្រ ដូច្នេះវាមិនមែនស្ថិតនៅក្នុងក្របខណ្ឌនៃខ្សែក្រវ៉ាត់និងផ្លូវ តែនេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដែលជាផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនតាមផ្លូវទឹក។

nmr