ព័ត៌មានថ្មីៗ

ទេយ្យទានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ត្រូវបានប្រគេនព្រះសង្ឃនៅវត្តចំនួន២៣ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ)៖ លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី បានអញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទជិត-ឆ្ងាយ និងព្រះសង្ឃដែលនិមន្តមក ពីតាមបណ្តាវត្តអារាមចំនួន២៣វត្ត នារដូវវស្សា ដើម្បីទ្រទ្រង់ជីវភាពព្រះសង្ឃ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងអាជ្ញាធរ ខេត្ត ស្រុក ឃុំ ភូមិ ជាច្រើនរូបផងដែរ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ពិធីនេះបានប្រព្រឹត្តនៅវត្តដំណាក់ត្រាច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ឆាត សុឆេត បានថ្លែងអំណរគុណចំពោះព្រះមន្ត្រីសង្ឃទាំងពីរគណៈ ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាល ព្រមទាំងសហការយ៉ាងល្អជាមួយមន្ទីរធម្មការនិងសាសនា ជួយនៅតាមបណ្តាវត្តមួយចំនួនដែលមានសាលាពុទ្ធិកសិក្សាហើយមានសមណសិស្សច្រើន និងបានសហការធ្វើកិច្ចការសង្គមជាច្រើនទៀតជាមួយ មន្ទីរសង្គមកិច្ចអតិតយុវជន និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់នេះគឺ ជាការរួមចំណែកជាមួយព្រះពុទ្ធសាសនារបស់យើង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំអភិវឌ្ឍន៍ក៏ដូចជាថែរក្សាវិស័យព្រះសាសនានៅកម្ពុជាយើងឲ្យបានផូរផង់ ជាម្លប់ដោយពុទ្ធសាសនិកខ្មែរគោរពប្រតិបត្តិស្របតាមជំនឿរៀងៗខ្លួន ជាច្រើនជំនាន់តទៅមុខទៀត។

លោកបានក្រើនរម្លឹកជូនដល់ព្រះសង្ឃក្នុងសម័យឌីជីថល ត្រូវមានការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វេសប្រហែស គោរពទាំងច្បាប់ និងវិន័យឲ្យបានល្អ ព្រោះព្រះសង្ឃ ជាស្រែបុណ្យ ជាអ្នកអប់រំតាមផ្លូវធម៌ជូនដល់ពុទ្ធសាសនិកគ្រប់រូប ការប្រើប្រាស់ប្រព័ន្ធ Social Media ត្រូវមានការប្រុងប្រយ័ត្ន ដូចពាក្យថាព្រះសង្ឃប្រៀបដូចដូចបន្ទាត់ បើព្រះសង្ឃភ្លាត់ បន្ទាត់ត្រង់ជាងព្រះសង្ឃវិញ។

លោក ឆាត សុឆេត បានបន្ថែមទៀតថា បើមានបញ្ហា ត្រូវមានការសហការជាមួយអាជ្ញាធរ ដើម្បីជួយដោះស្រាយនិងការពារនូវកិត្តិនាមរបស់ព្រះសង្ឃ ព្រះសង្ឃត្រូវតែគិតពីផលប្រយោជន៍រួមផ្នែកពុទ្ធចក្រឲ្យបានល្អ មិនត្រូវមានចិត្តលោភលន់ ហើយមានបំណងមិនល្អលើព្រះសង្ឃផ្សេងដោយប្រព្រឹត្តខុស ព្រះវិន័យសង្ឃឡើយ។

លោកបានលើកទិសស្លោករបស់ឯកឧត្តមរដ្ឋមន្រ្តីនូវ ស ៣ ទី១ វត្តស្អាតមាន័យថាវត្តដែលមានបរិស្ថានល្អ ពុទ្ធបរិស័ទចូលមកមានចិត្តជ្រះថ្លា ទី២វត្តស្វាងមានន័យថា វត្តគ្មានជម្លោះ រវាងព្រះសង្ឃនិងអាចារ្យ ឬ រវាងអាចារ្យនិងព្រះសង្ឃទី៣ វត្តស្វាន មានន័យថាវត្តដែលស្ងប់មិនមានវិវាទអ្វីទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ លោក ឆាត សុឆេត និងមន្រ្តីរួមដំណើរបានអញ្ជើញវេរប្រគេននូវអង្ករចំនួន៦៩០០គីឡូក្រាមដល់វត្តទាំង២៣ផងដែរ៕

nmr