ព័ត៌មានថ្មីៗ

លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសលោក វ៉ី សំណាង ជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ និងសំណេះសំណាលរចនាសម្ព័ន្ធគណៈចលនាមហាជន

តាកែវ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តតាកែវ ប្រមាណ៣០០នាក់។ ពិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

 

លោក យស់ ស៊ីណា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្តបានសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អគ្គលេខាធិការ ដែលបានផ្តល់កិត្តិយសអញ្ជើញមកសំណេះសំណាលជាមួយសមាជិក សមាជិកា នៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប អំពីការងារសម្រេចបានរបស់គណបក្សខេត្ត និងការចូលរួមរបស់គណៈចលនាមហាជនក្នុងការបោះឆ្នោតកន្លងទៅ។

 

លោក វ៉ី សំណាង ក្នុងនាមប្រធានគណៈចលនាមហាជនគណបក្សខេត្ត ដែលទទូលការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយធ្វើការពង្រឹង និងពង្រីករចនាសម្ព័ន្ធព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការណែនាំទាំងឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន។

 

ថ្លែងទៅកាន់អង្គពិធីលោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ជាពិសេសរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃគណៈចលនាមហាជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស ដែលបាននាំមកនូវជ័យជម្នះជូនគណបក្សជាបន្តបន្តាប់ក្នុងការបោះឆ្នោតទាំងអស់កន្លងមក។

 

លោកបន្តថា ជ័យជម្នះរបស់គណបក្សនៅរាល់ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់ ព្រោះថាដើម្បីរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលយើងមានបច្ចុប្បន្ន គឺត្រូវការគណបក្សបន្តដឹកនាំ និងទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ។ ជាចុងក្រោយ លោកអគ្គលេខាធិការ ក៏បានផ្តាំផ្ញើឲ្យមន្រ្តីគណបក្សត្រូវខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ តាមរយៈអំពើល្អនៅជិតជាមួយគាត់ និងការខិតខំប្រឹងប្រែងដោះស្រាយសំណូមពរតាមលទ្ធភាព ដើម្បីធានាកាគាំទ្រ និងជំនឿជាក់មកលើគណបក្ស។

 

សូមបញ្ជាក់ថា យោងសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តតាកែវ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានតែងតាំងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តតាកែវ ដែលត្រូវបានប្រកាសតែងតាំងនារសៀលថ្ងៃនេះ៕

nmr