ព័ត៌មានថ្មីៗ

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់

 

ភ្នំពេញ៖ តាមរយៈសារលិខិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើ ពុក រលួយ០៩ ធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រម ទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ចដែលកម្ពុជាមានប្រកបដោយការទទួលខុសត្រូវ និងមោទនៈ។

 

ស្របពេលកម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការ សហ ប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ (United Nations Convention Against Corruption -UNCAC) ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ដូចសព្វមួយដង សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវក្តីសោមនស្សរីករាយ និងសូមចូលរួម ជាមួយបងប្អូនជនរួមជាតិ វិស័យឯកជន អង្គការក្រៅរដ្ឋា ភិបាល គណបក្សនយោបាយ ជាពិសេសគ្រប់ស្ថាប័នជាតិ អបអរសាទរទិវា ជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ធ្នូ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ អភិវឌ្ឍសង្គមជាតិ។

 

សម្ដេចធីបតីមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងកេរដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦ អាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ននេះ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តជ្រោងទង់ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាមួយនឹងឆន្ទៈសម្រេចឱ្យបាននូវចក្ខុវិស័យ ជំរុញកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះបានលើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ។

 

សម្ដេចធិបតីបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋា ភិបាលកម្ពុជា សម្រេចបាននូវលទ្ធផលធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ ណែទម្រង់គ្រប់វិស័យរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។

 

ក្នុងឱកាសនេះ សម្ដេចធិបតី បានឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះផ្តោតលើការផ្តល់សេវាសាធា រណៈល្អ ដោយមានប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុក រលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព គឺត្រូវការចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋប្រកប ដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។

 

ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នានេះ ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុខ ចេញធ្វើការ និងក្នុងពេលធ្វើការ។

 

ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និង គណ នេយ្យភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោស ទណ្ឌជាដើម។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុក រលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។

 

សម្ដេចធិបតីបញ្ជាក់ថា ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និងសម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោ បាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ហើយដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ៕

nmr