ព័ត៌មានថ្មីៗ

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស …………….

«រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។ នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា យុវជនសម័យបច្ចុប្បន្នមានសំណាងជាងរៀមច្បងជំនាន់មុនឆ្ងាយណាស់។ ពួកគេមិនត្រឹមតែរស់នៅក្នុងសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសគ្រប់បែបយ៉ាងក្នុងការសិក្សា។ ជាក់ស្តែង សាលារៀនមាននៅគ្រប់ទិសទី តាំងពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។ ដូច្នេះ នៅសល់តែក្មួយៗជាយុវជនខ្លួនឯងដែលត្រូវខិតខំ ចាប់យកឱកាសដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត ហើយចេះឱ្យប្រាកដ ចេះទាំងជំនាញរឹង និងជំនាញទន់ មានសីលធម៌ល្អ និងសុខភាពល្អ។

ឯកឧត្តម ប៉ែន បូណា ក៏បានកត់សម្គាល់ទៀតថា និស្សិតដែលរៀននៅពុទ្ធិកសាកលវិទ្យាល័យប្រាកដជាមានឱកាសច្រើនជាងសាកលវិទ្យាល័យឯទៀតក្នុងការទទួលបានការអប់រំផ្នែលសីលធម៌ ដោយសារកម្មវិធីសិក្សាមានបញ្ចូលការអប់រំបែបពុទ្ធចក្រ។ សីលធម៌គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស។

បាឋកថានេះធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់សមណនិស្សិត និស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋស
ភា និងលើកទឹកចិត្តសមណនិស្សិត និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

nmr