រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញ អំពីប្រទេសថៃបង្ហាញគម្រោងត្រៀមសាងសង់ប្រាសាទអង្គរទី២ ដែលចម្លងស្ទើរទាំងស្រុងពីប្រាសាទអង្គរវត្តខ្មែរនោះ បានធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង។ ពាក់ព័ន្ធករណីនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា នឹងមានវិធានការតាមច្បាប់ ប្រសិនរកឃើញថា ភាគីប្រទេសថៃបានលួចសាងសង់ប្រាសាទអង្គរទី២នៅទឹកដីប្រទេសខ្លួនដោយមិនបានសុំសិទ្ធិពីកម្ពុជាប្រាកដមែន។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ប្រសិនបើកម្ពុជាសិក្សាបានច្បាស់លាស់ហើយនោះ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុទ្ធនានាដែលបានចែង ក្នុងពេលដែលមានការសាងសង់យកលំនាំតាមប្រាសាទបុរាណខ្មែរដោយគ្មានការអនុញ្ញាតបែបនេះ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បញ្ជាក់ថា ដំបូងក្រសួងបានដឹងថា ភាគីថៃបានកសាងប្រាសាទដែលមានកំពូលបីដូចប្រាសាទអង្គរខ្មែរ ហេតុនេះក្រសួងកំពុងស្វែងអ្នកបច្ចេកសិក្សាទៅប្លង់មេនេះ ដើម្បីបានព័ត៌មានជាក់លាក់ជាមុនសិន។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងបន្ថែមទៀតថា ក្រសួងកំពុងសិក្សាបញ្ហានេះឱ្យបានច្បាស់លាស់ថា ភាគីថៃសាងសង់យកតាមលំនាំប្រាសាទខ្មែរទាំងស្រុង ឬមានប្លង់បែបផែនផ្សេង។ លោកបញ្ជាក់ថា ជាជំហានដំបូងគឺដឹងព័ត៌មានថា ភាគីថៃគេសាងសង់ជាពុទ្ធមណ្ឌល។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្នអាជ្ញាធរអប្សរាបានទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិចទៅកាន់ភាគីអ្នកចេញគំរូប្លង់មេរបស់ថៃ ហើយក៏បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់ មុនឈានដល់ដំណោះស្រាយ និងចំណាត់ការច្បាប់ណាមួយ។
គម្រោងប្រាសាទកំពូល៣ ដែលទទួលបានជោគជ័យ នឹងបញ្ចប់ឆាប់ៗនេះ
គួរបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ទំព័រហ្វេសប៊ុកឈ្មោះ បុរាណណាចារ្យ បានឱ្យដឹងថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ។
គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។