ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកទឹកចិត្តចំពោះអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះសហរដ្ឋអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ។ ដោយលោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន។
ការលើកទឹកចិត្តសហរដ្ឋអាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយលោកសាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន (Antony Blinken)រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ លោកឧបនាយករដ្ឋមន្រ្តី បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលលោកគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ប្រមុខការទូតកម្ពុជាបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនានាគួរត្រូវបានផ្តោតការយកចិត្តទុកដាក់ លើការពន្លឿនការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាព ព្រមទាំងការអនុវត្តយ៉ាងពេញលេញនូវវិធានការណ៍ដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយឯកឧត្ដមបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។
លោកឧបបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និងឆន្ទៈនយោបាយរបស់អាស៊ានក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា។
ទាក់ទងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ទនងអាស៊ាន-ស.រ.អា កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទំាងបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទំាងក្នុងតំបន់ និងក្រៅតំបន់។
អាស៊ានបានអបអរសាទរចំពោះការតំាងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យនៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគីនិយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មីជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអរគុណ ឯកឧត្តម អេនតូនី ប្លីនខេន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាព អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្រ្តីការបរទេសទាំងអស់ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបត្តិសុខាភិបាល នាពេលអនាគត។ អាស៊ានបានស្វាគមន៍ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស អេនតូនី ប្លីនខេន បានរំលេចអំពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន ១១២លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌជំនួយ សម្រាប់សង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេសសមាជិកអាស៊ាន។

 

nmr