រាជធានីភ្នំពេញ ៖ ក្នុងចំណោមសុនខ១០ក្បាល ដែលក្រុមមន្ត្រីជំនាញស៊ីម៉ាក់ និងមន្ត្រីពាក់ព័ន្ធបង្ហាត់ស្វែងរកអ្នកផ្ទុកជំងឺកូវីដ១៩ពេលនេះមានសុនខ៣ក្បាល បានទទួលជោគជ័យក្នុងការស្វែងរកក្លិនអ្នកផ្ទុកជំងឹកូវីដ១៩បានហើយ ។ នេះបើតាមអគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹង នៅថ្ងៃទី២ សីហា ឆ្នាំ២០២១ថា នៅថ្ងៃទី០២ ខែសីហានេះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ខ្ញុំបានចុះមកពិនិត្យ និងវាយតំលៃការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ។លោកថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិន អ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ ។លោកបានបញ្ជាក់ថា«សូមអបអរសាទរចំពោះសុនខ ក្រុមទី១ចំនួន៣ក្បាល ដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ ។
រីឯសុនខ ក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី ។ ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជា ព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម » ។
លោកបានលើកឡើងថា ទន្ទឹងនឹងនេះ ខ្ញុំសូមរំលឹកជូនថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថា នឹងឆ្លើយតបតាមការរំពឹងទុក ។
ជាមួយនេះដែរ ផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ ។ លោកបានគូសបញ្ជាក់ថា សុនខទាំងនេះកើតកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា! សូមអរគុណផងដែរ ចំពោះក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ ៕