រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។
ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងចំពោះលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យបានជ្រាបថា ផ្អែកលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្នប្រយែង និងទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ស្ដង់ដាប្រតិបត្តិ(SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ៕