ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ក្មេងទំនើង ចំនួន ១៣នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រដេញគ្នា កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ នៅក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
តាមការឲ្យដឹងពី លោកឧត្ដមសេនីត្រី ជួន សួរ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានសំដែងនូវការសោកស្តាយ ចំពោះសកម្មភាពរបស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បីដែលសង្គមគេស្អប់ខ្ពើម ។ ដែលគួរណាស់តែក្មួយៗ យកពេលវេលាទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារឪពុកម្តាយនៅផ្ទះ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានណែនាំដល់ក្មួយប្រុស ទាំង ១៣នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន ។
ក្រោយពីលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់រំណែនាំហើយ ក្មេងទំនើង ទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាមវិធានការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត ៕