ព័ត៌មានជាតិ

អាជីវករ​ផ្សារធំ​តាកែវប្រមាណ១ ០០០នាក់ ប្រមូល​ផ្ដុំ​នៅ​មុខ​សាលាខេត្ត​ទាមទារ​រក​ដំណោះស្រាយ​រឿង​វិវាទផ្សារ!

(តាកែវ)៖ អាជីវករឱ្យដឹងថា ពួកគេប្រមាណ១ ០០០នាក់ដែល​លក់ដូរនៅផ្សារធំតាកែវ បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​​​ជាថ្មី​ទៀត ដោយនាំគ្នាដើរហែក្បួន​ទៅ​ប្រមូលផ្ដុំនៅមុខសាលាខេត្តតាកែវ នៅថ្ងៃចន្ទនេះ ទាមទារឱ្យ​អាជ្ញាធរ​លុប​ចោល​គម្រោង​សាង​សង់​ផ្សារ​ថ្មី។

នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកគ្នាមកតវ៉ា នៅមុខសាលាខេត្តតាកែវ ដោយស្នើឲ្យអភិបាលខេត្តតាកែវ លោក អ៊ូច ភា អន្តរាគមន៍ លុបគម្រោងវិនិយោគផ្សារ។

ក្រុមអាជីវករតាកែវ បានស្នើសុំឲ្យអភិបាលខេត្តលុប គម្រោងវិនិយោគសាងសង់ផ្សារ ដោយសារតែគម្រោងនេះ ប៉ះពាល់ដល់ការប្រកបរបរលក់ដូររបស់ពួកគាត់ ដោយនៅពេលសាងសង់វា និងមានការជម្លៀសអ្នកលក់ ហើយអាចនឹងបាត់ទំហំតូបរបស់ពួកគាត់ថែមទៀតផង។

បើតាមបងប្អូនអាជីវករផ្សារតាកែវ ពួកគាត់គាំទ្រគម្រោងជួសជុលផ្សារឲ្យមានសោភ័ណភាពល្អ និងការស្ដាប្រព័ន្ធលូកុំឲ្យផ្សារលិចទឹក ប៉ុន្តែប្រឆាំងដាច់ខាតការសាងសង់ផ្សារ។

នៅក្នុងការជួបជុំប្រឆាំងតវ៉ានោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញមកជួបបងប្អូនអាជីវករ និងបានស្ដាប់តាមសំណូមពររបស់អាជីវករ។ ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនេះ លោកអភិបាល ក៏បានចេញលិខិតផ្លូវការមួយ បញ្ជាក់ពីការសម្រេចផ្អាកការសាងសង់ និងជួសជុលផ្សារតាកែវផងដែរ។

ក្នុងលិខិតរបស់លោកអភិបាលខេត្ត ដែលបណ្តាញព័ត៌មាន ទទួលបាន បញ្ជាក់ថា «ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឲ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។ រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្អាកការសាងសង់ និងជួសជុលផ្សារតាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ។

លោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរាការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគោលការណ៍លុបការសាងសង់ផ្សារចោល៕

nmr