បាត់ដំបង: កាលព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១អាជ្ញាធរក្រុង ជាមួយនឹងកងកម្លាំងចម្រុះបានចាត់វិធានការក្តៅចុះរុះរើ រាននិងគ្រែលក់ដូររបស់ក្រុមអាជីវករដែលនៅតែរឹងទទឹងបន្តការលក់ដូរគ្មានរបៀបរៀបរយនៅលើតួផ្លូវជុំវិញបរិវេណផ្សារបឹងឈូក ដោយអះអាងថាពួកគាត់បានលក់ដូរនៅលើតួផ្លូវនេះជាច្រើនឆ្នាំ។
អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ចុះរុះរើរាន និងគ្រែលក់ដូររបស់បងប្អូនអាជីវករផ្សារបឹងឈូក បន្ទាប់ពីមិនគោរពតាមគោលការណ៍រៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព។
លោក លៀង វាសនា អភិបាលរងក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពនៅលើដងផ្លូវជុំវិញបរិវេណផ្សារ សម្រួលដល់បងប្អូនប្រជាពលរដ្ឋអ្នកចូលទិញទំនិញ ឬម្ហូបអាហារនានា ។ម្យ៉ាងទៀតក៏ជាការអនុវត្តឆ្លើយតបតាមពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះល្វែងជុំវិញផ្សារជារាប់សិបគ្រួសារដែលប្តឹងដល់អាជ្ញាធរក្រុង ខេត្ត ព្រោះតែខ្លះលក់ដូរមិនកើតដោយសារតែអាជីវករលក់តាមរាន នៅបាំងពីមុខ និងមួយចំនួនទៀតពិបាកក្នុងការចេញ ចូល ដូចជាម៉ូតូ ឬរថយន្តជាដើមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកអភិបាលរងក្រុងបន្ថែមទៀតថាការរៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់លើតួផ្លូវផ្សារខាងលើនេះទៀតសោត គឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថានផ្សារឲ្យល្អប្រសើរឡើងវិញ ប្រយោជន៍ទាក់ទាញភ្ញៀវជាតិ អន្តរជាតិដែលចូលទស្សនាលេងកម្សាន្តនៅក្នុងទីផ្សារកណ្តាលក្រុងបាត់ដំបង ហើយឲ្យសាកសមជាខេត្តស៊ីវិល័យជាប់ចំណាត់ថ្នាក់ផ្ការំដួល ៣ទង និងសាកសមជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលនៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជាផងដែរ៕