ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង អញ្ជើញនាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆេះផ្ទះ ០១គ្រួសារ និងគ្រួសារអតីតយុទ្ធជនទីទ័លក្រចំនួន ០៣គ្រួសារ នៅស្រុកបរិបូណ៌

—————————
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារអញ្ជើញនាំយកអង្ករចំនួន ២២៥គីឡូក្រាម ស័ង្កសី ១៤០សន្លឹក មី ៤កេះ អាវរងា ០៤អាវ មុង ០៤ ជែលលាងដៃ ០៨ដប ម៉ាស់ ០៤ប្រអប់ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ០១គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៦គុណ១៤ម៉ែត្រ អស់ទាំងស្រុងកាលពីថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០២១ និងគ្រួសារអតីតយុទ្ធជនក្រីក្រជួបការលំបាក ខ្វះទីលំនៅសមរម្យចំនួន ០៣គ្រួសារ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ស្ថិតក្នុងឱកាសនេះដែរ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះ និងគ្រួសារបងប្អូនអតីតយុទ្ធជនត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង មិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។ ម៉្យាងទៀតត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ៣ការពារ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
nmr