ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសអញ្ជើញទទួលដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលនេះក៏មានការអញ្ជើញចូលរួមពី សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, អភិបាលរាជធានីភ្នំពេញ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត ផងដែរ។
ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន ផងដែរ។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។
ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត ដែលរួមមាន ៖ ម៉ាស់ចំនួន ៣.២០០.០០០, ឯកសណ្ឋានការពារ (PPE) ចំនួន៣០.០០០, ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន៥០ គ្រឿង, ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង, ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា