ខេត្តបាត់ដំបង! កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្កាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករខ្មែរប្រុសស្រីជាង២០០នាក់ដែលភាគីខាងសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ជាក់ស្តែងនៅព្រឹកថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២២នេះលោកបានចាត់អោយកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីសរុបជាង ២០០នាក់ ដែលភាគីខាងថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។
លោកបន្តថា ពលករខ្មែរដែលសមត្ថកិច្ចខាងភាគីប្រទេសថៃបញ្ជូនមកអោយអាជ្ញាធរខាងភាគីកម្ពុជាវិញនាពេលនេះសរុបមានចំនួន ២៣០នាក់ ក្នុងនោះស្រីចំនួន ៨៦នាក់និងក្មេងចំនួន ៤៩នាក់ផងដែរ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័សស្វែងរកមេរោគ ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ហើយក្នុងចំណោមពលករខ្មែរសរុបចំនួន ២៣០នាក់ ក្នុងនោះ ១៨៦នាក់ ស្រី ៦៤នាក់និងក្មេង ៤៤នាក់មានកាតទទួលបានវ៉ាក់សាំងរួចត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ ដោយឡែកអ្នកសេសសល់មិនទាន់មានកាតចាក់វ៉ាក់សាំងចំនួន ៤៤នាក់ ស្រី២២នាក់ និងក្មេង០៥នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕