—————–
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅនិងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា ក្រោយពីបានការចាប់ឆ្នោតទទួលយកដីនិងផ្ទះ ថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអតីតយុទ្ធជនចំនួន១៤១គ្រួសារ កាលពីខែឧសភា ឆ្នាំ២0២១ កន្លងទៅនេះ បងប្អូនបានមករស់នៅកសាងជីវភាពថ្មីនៅលើផ្ទះថ្មីនិងលើដីសម្បទានសង្គមកិច្ចដោយក្នុងមួយគ្រួសារទួលបានចំនួន ១ហិតាកន្លះ ដោយបានដាំដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ តែមកដល់បច្ចុប្បន្ននេះភូមិអតីតយុទ្ធជនរបស់យើងមិនទាន់មានផ្លូវ ទឹកស្អាត និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅឡើយ។ នៅក្នុងរដូវវស្សាត្រូវបានជំនន់ទឹកភ្លៀង ជន់លិច បង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារ នៅលើផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថានៅពេលខាងមុខឆាប់ៗនេះ ឯកឧត្តមនឹងអញ្ជើញមកបើកការដ្ឋានសាងសង់ផ្លូវប្រវែង១២គីឡូម៉ែត្រ នៅក្នុងភូមិអតីតយុទ្ធជនយើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរៀបចំបណ្ដាញប្រព័ន្ធរំដោះទឹក និងប្រឡាយទឹក ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយៀ ស្រុកសន្ទុក នេះ ដើម្បីងាយស្រួលដល់បងប្អូនធ្វើដំណើរ និងការរស់នៅ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលនឹងរៀបចំចាក់ជូនពរបងប្អូននៅពេលឆាប់ៗខាងមុខនេះ អោយបានគ្រប់ៗគ្នា៕