ទោះជាចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ កន្លងទៅនេះ មានការធ្លាក់ចុះក្តីបើធៀបនឹងឆ្នាំ២០២០ តែសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី នៅតែព្រួយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានចំនួនច្រើននៅឡើយ និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មានពិការភាព ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈជារៀងរាល់ថ្ងៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០២១ ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទោះបីជាតួលេខគ្រោះថ្នាក់នៅរាជធានីខេត្តមួយចំនួននៅតែស្ថិតក្នុងអត្រាខ្ពស់ និងមានកំណើនគ្រោះថ្នាក់នាថ្ងៃបុណ្យឈប់សំរាកក៏ដោយ។ ការកត់សម្គាល់នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រារព្ធនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
ទោះជាយ៉ាងណាសម្ដេចក្រឡាហោម នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មានពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈ ពិសេសការចាប់ផ្ដើមហក់ឡើវិញនៃអត្រាគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីមានការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមគ្នានេះ សម្ដេចបានអំពាវនាវពលរដ្ឋធ្វើដំណើរតាមដងផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា។ សម្ដេចក៏បានទាញចំណាប់អារម្មណ៍ឱ្យយកចិត្តទុកដាក់បន្តបង្កើនការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំដឹកទំនិញ ជាពិសេសនៅពេលយប់។
ពាក់ព័ន្ធនឹងស្ថានភាពចរាចរណ៍នេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យគ្រប់សមាសភាពនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព និងឱ្យបានទូលំទូលាយ ត្រូវពង្រឹងបន្ថែមទៀតគុណភាពសាលាបង្រៀនបើកបរ បង្កើនការបំពាក់ភ្លើងស្តុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក៏បានណែនាំបន្តការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់នឹងវិធានការបច្ចេកទេស ដូចជាការបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿន ឬល្មើសសញ្ញាចរាចរណ៍ ត្រៀមកម្លាំងល្បាតអនុវត្តច្បាប់តាមផ្លូវល្បឿនលឿន ការដកពិន្ទុលើបណ្ណបើកបរ ពង្រឹងការអនុវត្តម៉ឺងម៉ាត់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវពង្រឹងការបណ្ដុះបណ្ដាលធនធានមន្ត្រីទាំងចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេស ប្រតិបត្តិការ និងសីលធម៌។
យោងតាមរបាយការណ៍នៅឆ្នាំ២០២១ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានថយចុះធៀបនឹងឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស ហើយសមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង ២លានគ្រឿង ក្នុងនោះម៉ូតូជាង ៦០%, រកឃើញយានយន្តល្មើស និងពិន័យជាង ២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង ៧០% និងពិន័យបានថវិកាសរុបជាង ១៩ប៊ីលានរៀល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២១ មានចំនួន ២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥នាក់ ក្នុងនោះរបួសធ្ងន់មាន ២២៤៦នាក់។
របាយការណ៍ឱ្យដឹងទៀតថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្ដាំ១៤% វ៉ាជែង៨% បត់៨% ស្រវឹង៤% យានយន្ត៣% និងងងុយ១%។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ ៥០៩លើក ស្លាប់ថយចុះ ១៤៩នាក់ និងរបួសថយចុះ ១០៧១នាក់៕