ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ ថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» កាលពី ២ឆ្នាំមុន!

កាលពី ២ឆ្នាំមុន នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ហើយត្រូវបានអាជ្ញាធរជាច្រើនប្រទេសបដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនាវានោះ អាចមានផ្ទុកមេរោគ Covid19។
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជារយៈពេល ២ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោក ដោយបានអនុញ្ញាតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយមិនត្រឹមតែតែអនុញ្ញាតឲ្យនាវាចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។
កាយវិការរបស់សម្តេចតេជោ បានធ្វើឲ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀត ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការបមរកបដោយទឹកចិត្តមនុស្សធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។ សូម្បីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។
១៤ កុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ខ្ញុំតែងតែចងចាំជានិច្ច នូវព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសាយសុសលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ និងសប្បុរសធម៌យ៉ាងធំធេង៕
អរគុណសន្តិភាព 🙏🏻
Happy Valentine’s’ Day, all my beloved people❤️
nmr