ព័ត៌មានថ្មីៗ

លោក ហ៊ុន ម៉ាណែត អះអាងថា បក្សប្រជាជននឹងបន្តរួមដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីបន្តនិរន្តរភាពសុខសន្តិភាព និងភាពសុខសាន្តជូនពលរដ្ឋ

(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអះអាងចំពោះយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថា គណបក្សប្រជាជនកម្ពុជានឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
លោកប្រធាន ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមកហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។
លោកបានបន្តថាឈរលើមូលដ្ឋានទិសដៅនិងទស្សនវិស័យនេះយុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។
លោកបានបន្តថា ខេត្តកំពង់ធំបានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យជាពិសេសនៅក្រោយការទទួលបានសន្តិភាពពេញលេញក្រោមម្លប់នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលក្រៅពីភារកិច្ចស្នូលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គីនិងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន៕

nmr