ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមចោរកំរើកឡើងម្ដងទៀតហើយ កាន់តែហ៊ានទៅៗ ដោយធ្វើសកម្មភាពចូលលួចក្នុងផ្ទះប្រជាពលរដ្ឋ គ្មានខ្លាចញញើតសមត្ថិច្ចសូម្បីតែបន្តិច

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភូមិឃុំ ពុំមានសុវត្ថិភាព ដោយម្នាក់ៗ មានការរងារស្ទើរតែដេកមិនលក់បក់មិនល្ហើយ ខណ:ក្រុមចោរ ចាប់ផ្តើមចេញសកម្មភាពយ៉ាងអាណាធិបតេយ្យ ដើរលួចទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចញញើតនឹងសមត្ថិច្ចសូម្បីតែបន្តិច។

ជាក់ស្តែង មានក្រុមចោរ គ្នា ២នាក់ ចូលទៅលួចទ្រព្យសម្បត្តិ ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងទាំងកណ្តាលថ្ងៃត្រង់យ៉ាងរលូន ពេលម្ចាស់ កំពុងជាប់រវល់ ភ្លេចខ្លួន។ ហេតុការណ៍ ក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតូ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើង នៅវេលាម៉ោង ១២ និង ៥៤នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្បែរកន្លែងស្តុកស៊ីម៉ង់តិ៍ លឹម សេង ក្នុងភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្រ្តីនគរបាល បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ ចំរើន ភេទស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ (លក់ឥវ៉ាន់ចាប់ហួយ)។

ប្រភពបន្តទៀតថា សម្ភារៈ ដែលចោរលួចយក រួចជិះម៉ូតូគេចខ្លួន ទៅបាត់ រួមមាន៖ ទូរស័ព្ទម៉ាក Oppo០១គ្រឿង ប្រាក់ថៃចំនួន ១៥៦០បាត ប្រាក់ខ្មែរចំនួន ២៥ម៉ឺនរៀល ប័ណ្ណ ប.ស.ស ចំនួន ០២សន្លឹក កាតទូរស័ព្ទមួយចំនួន រង្វាន់ស្រាបៀរមួយចំនួន ប័ណ្ណបើកបររថយន្ត ០១សន្លឹក និងអត្តសញ្ញាណប័ណ្ណ០១សន្លឹកផងដែរ។

ចំណែកជនសង្ស័យមានគ្នា ២នាក់ ត្រូវបានម្ចាស់ឆែកកាមេរ៉ាសុវ ត្ថិភាពឃើញជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ដោយម្នាក់ពាក់អាវដៃវែងពណ៌ខ្មៅ និងម្នាក់ទៀត ពាក់អាវដៃវែង ពណ៌ប្រផេះឆ្ពោះទៅក្នុងក្រុងប៉ៃលិន។

ពាក់ព័ន្ធនឹងបញ្ហានេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនឹងការស្រែកដង្ហើយរកជំនួយពីអាជ្ញាធរសមត្ថកិច្ច គឺប្រជាពលរដ្ឋ ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នជាងមុន ដូចពាក្យចាស់ថា ប្រហែសបាត់ ប្រយ័ត្នគង់៕

nmr