ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អន្តរក្រសួងឲ្យអាជ្ញាធរ អនុវត្តប្រើវិធានការរដ្ឋបាលវា.យកំទេចតូបនិងផ្ទះល្វែង២កន្លែងមុខផ្សារពន្លៃ

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែម្ចាស់តូប និងម្ចាស់ផ្ទះល្វែងចំនួន២កន្លែង ក្នុងចំណោម៥កន្លែង នៅចំណុចមុខផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ មិនគោរពតាមកិច្ចសន្យាជាមួយអន្តរក្រសួង ស្តីពីការពង្រីកផ្លូវជាតិលេខ៥ ទើបនៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលម៉ិញនេះ សមត្ថកិច្ចចម្រុះថ្នាក់ស្រុក និងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលវា.យកំទេចចោល ដើម្បីកសាង និងពង្រីកផ្លូវជាតិលេខ៥ ។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំសមត្ថកិច្ចចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាលនេះ បានបញ្ជាក់ថា ម្ចាស់ផ្ទះ និងម្ចាស់តូបទាំង៤កន្លែង ក្នុងចំណោម៥កន្លែងខាងលើនេះ កន្លងមក ធ្លាប់បានទទួលថវិកាផលប៉ះពាល់ និងធ្វើកិច្ចសន្យាថា នឹងរុះរើផ្ទះចេញ ជាមួយអន្តរក្រសួង ដែលបានដោះស្រាយផលប៉ះពាល់ក្នុងការកសាងផ្លូវជាតិលេខ៥ រួចហើយ ។
លោកបន្តថា ចំណែកម្ចាស់តូប១កន្លែងនៅមុខផ្សារពន្លៃ មិនព្រមទទួលយកថវិកា ដោះ ស្រាយផលប៉ះពាល់ពីអន្តរក្រសួងឡើយ ដោយបានទាមទារសំណងច្រើនហួសហេតុ ។ ប៉ុន្តែក្រោយមក ម្ចាស់តូបនិងម្ចាស់ផ្ទះ៤កន្លែងខាងលើនេះ មិនព្រមរុះរើអីវ៉ាន់ និងរុះរើចេញពីផ្ទះឡើយ ។ ចំណែកអាជ្ញាធរស្រុក និងខេត្តបានព្យាយាមធ្វើការណែនាំជាច្រើនលើកទៀត ក៏នៅ តែមិនព្រមចាកចេញ ទើបនៅរសៀលថ្ងៃទី០២ ខែឧសភានេះ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុវត្តវិធានការរដ្ឋបាល ដោយប្រើប្រាស់គ្រឿងចក្រវា.យកំទេចតូប១កន្លែង និងផ្ទះល្វែង១កន្លែង ក្នុងចំណោម៥ កន្លែង ចំណែកឯតូបចំនួន៣កន្លែងទៀត និងបន្តវា.យកំទេចចោលនៅថ្ងៃខាងមុខនេះជាបន្តបន្ទាប់ទៀត ។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលបានធ្វើកិច្ចសន្យាជាមួយអន្តរក្រសួងដោះស្រាយផលប៉ះពាល់រួចហើយនោះ សូមមេត្តាសហការរុះរើអីវ៉ាន់ និងផ្ទះចេញឲ្យបានរួចរាល់ បើពុំនោះទេសមត្ថកិច្ចចម្រុះ និងអនុវត្តវិធានការរដ្ឋបាលដោយមិនលើកលែង និងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ខូចខាតសម្ភារៈនៅក្នុងផ្ទះឡើយ ៕

nmr