រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ដែលជាអ្នកសុំទានតាមដងផ្លូវ បានចូលទៅសុំទានពីភ្ញៀវនៅក្នុងហាងយីហោ «សារ៉ា បា និង ហ្វូត» ក៏ត្រូវម្ចាស់ហាងហាមឃាត់មិនអោយចូល ហើយច្រានចេញ តែបុរសជាអ្នកសុំទាននោះបានច្រានថៅកែហាងវិញ ក៏កើតជាជម្លោះបង្កជាហិ.ង្សារហូតឈានដល់ការវា.យអ្នកសុំទាននោះ បណ្តាលឱ្យបាក់ខ្ទង់ច្រមុះសន្លប់ស្តូកស្តឹងតែម្តង ចំណែកឯម្ចាស់ហាងវិញ បានរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៥៤ ខាងជើងរបងវត្ត ឧណ្ណាលោម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលដឹងហេតុការណ៍ច្បាស់ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ បានចូលទៅសុំទានពីភ្ញៀវនៅក្នុងហាងខាងលើ តែត្រូវម្ចាស់ហាងហាមឃាត់មិនអោយចូល ហើយបុរសជាអ្នកសុំទានរូបនោះក៏បាននិយាយពាក្យមិនសមរម្យ និងបានច្រានម្ចាស់ហាងទៀត ធ្វើអោយម្ចាស់ហាងខឹង ក៏តាមវា.យបុរសជាអ្នកសុំទាននោះ បណ្តាលឲ្យរបួសបាក់ខ្ទង់ច្រមុះ រហូតសន្លប់ ស្តូកស្តឹងតែម្តង ចំណែកម្ចាស់ហាងវិញក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ ។
បន្ទាប់ពីកើតហេតុ ក៏មានបុរសជាជនបរទេសម្នាក់បានចេញពីក្នុងហាងកើតហេតុ រត់ទៅជួយបុរសអ្នកសុំទាននោះ និងបានព្យាយាមហៅកង់បីដឹកបុរសអ្នកសុំទាននោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ប៉ុន្តែក៏ត្រូវបានក្រុមអ្នករត់ម៉ូតូកង់បី ហាមឃាត់មិនអោយលើកជនរងគ្រោះទៅណា ដោយពួកគាត់យល់ថា បុរសជាជនបរទេសរូបនោះ គឺជាបក្សពួករបស់ម្ចាស់ហាង ហើយការជួយនេះ គ្រាន់តែជាលេស រួចដឹកជនរងគ្រោះចេញ ដើម្បីបំបាត់ភស្តុតាងតែប៉ុណ្ណោះ ។ ដោយលឺដូច្នោះ ជនបរទេសរូបនោះខឹង ក៏មានជម្លោះរុញច្រានគ្នាទៅវិញទៅមក ជាមួយក្រុមអ្នករត់ម៉ូតូកង់បីមួយប្រាវ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ។
បន្ទាប់ពីការភ្ញាក់ផ្អើល ហាងខាងលើ ត្រូវបានម្ចាស់ប្រមូលសម្ភារៈទុកផ្អាកការលក់មួយយប់ចំណែកបុរសជាអ្នកសុំទានវិញ ត្រូវបានគ្លីនិកសម្រាកព្យាបាល សុងការណ៍ មកដឹកទៅព្យាបាលដោយមិនគិតថ្លៃសេវា ។ រីឯម្ចាស់ហាងដែលគេចខ្លួនវិញ សមត្ថកិច្ចនឹងចេញលិខិតអញ្ជើញរូបគាត់ទៅបំភ្លឺនៅប៉ុស្ដិ៍នគរបាលផ្សារកណ្តាលទី១ ៕