ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អន់ចង់!បុគ្គល២នាក់ហ៊ានធ្វើ​របង​ថ្ម និង​រាយ​បន្លា​លួស​បិទផ្លូវ​សាធារណៈត្រូវ អាជ្ញាធរ​ក្រុង​សំរោងអោយ រុះរើ​របង​បើកផ្លូវ​សាធារណៈ​ ឡើង​វិញ ក្រោយប្រតិកម្ម​យ៉ាង​ខ្លាំង

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ លោក ផុ​ន ចាន់​និល អភិបាលរង​ក្រុង​សំរោង បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​បុគ្គល ០២​រូប ជា​ម្ចាស់​កាន់កាប់​អចលនវត្ថុ ដែល​មាន​ដី​ឡូត៍​សងខាង​ផ្លូវ ដែល​បាន​ធ្វើ​របង​ថ្ម និង​រាយ​បន្លា​លួស​បិទផ្លូវ​សាធារណៈ កាលពីដើម​ស​ប្តា​ហ៍​នេះ ស្ថិត​នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្នុង​ក្រុង​សំរោង ធ្វើការ​រុះរើ​ចេញ​វិញ បើកផ្លូវ​ឡើង​វិញ ។

ការ​ជូន​ដ​ណឹ​ង​នេះ បន្ទាប់​បុគ្គល ២​រូប គឺ​ឈ្មោះ ឡុ​ង សុង​ពី​វ និង​ឈ្មោះ ស៊ា​ប រ៉ា​នី ជា​ម្ចាស់​អចលនទ្រព្យ កាន់កាប់​ដី​ឡូ​ត៏​សងខាង​ផ្លូវ បាន​រួម​គ្នា​ធ្វើការ​បិទផ្លូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ពួក​គាត់ ធ្លាប់​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នេះ​កន្លង​មក ។

អាជ្ញាធរ​បញ្ជាក់​ដល់​បុគ្គល​ទាំង​២​រូប ដែល​បាន​បិទផ្លូវ​ខាងលើ ឲ្យ​ធ្វើការ​អនុវត្តន៍​រុះរើ​របង​នៅ​លើ​ដងផ្លូវ ជា​បន្ទាន់ ក្នុង​រយៈពេល យ៉ាង​យូរ​៧​ថ្ងៃ​(​ប្រាំពីរ​ថ្ងៃ​) ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ សាធារណៈ ជា​ប្រក្រតី​ឡើង​វិញ ។ ករណី​លោក លោកស្រី មិន​ព្រម​សហការ ក្នុង​ការ​រុះរើ បើកផ្លូវ​នេះ​ឡើង​វិញ​នោះ​ទេ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​អនុវត្តន៍​វិធានការ និង​ទៅ​តាម​ច្បាប់​ជា​ធរមាន ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សេង ហោ រស់នៅ​សង្កាត់​អូរ​ស្មាច់ បាន​អះអាង​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ ដែល​ត្រូវ​បាន​បិទ​នេះ កាលពី​ជាង ១៥​ឆ្នាំ​មុន ជា​ផ្លូវ​ថ្មើ​ជើង ឬ​អាច​បើក​គោ​យន្ត​កន្ត្រៃ​បាន ហើយ​ម្ចាស់​ដី​សងខាង​ផ្លូវ ឈ្មោះ ឡុ​ង សុង​ពី​វ និង​ឈ្មោះ ស៊ា​ប រ៉ា​នី បាន​សម្បទាន​ដី ម្នាក់​ម្ខាង​ៗ ចំនួន​០៣​ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ ។ លុះ​ឆ្នាំ​បន្ទាប់​ៗ​មក ផ្លូវ​នេះ ត្រូវ​បាន​អាជ្ញាធរ​បាន​ធ្វើការ​អភិវឌ្ឍ​ចាក់​ដី​ក្រួស​ក្រហម ។ លុះ​តម្លៃ​ដី​នៅ​តំបន់​នោះ​កាន់តែ​ឡើង​ខ្ពស់ ភាគី​ម្ចាស់​ដី​ទាំង​២​នាក់ ដែល​បាន​ផ្តល់​សម្រាប់​ធ្វើ​ផ្លូវ​នោះ បាន​ប្រែ​ក្រឡះ​យក​ដី​ម្ខាង ៣​ម៉ែត្រ​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ ។

 

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​កក្កដា​ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ស្នើ​ឲ្យ​អាជ្ញាធរ​សង្កាត់​អូរ​ស្មាច់ ជួយ​អន្តរាគមន៍​បើកផ្លូវ​ឡើង​វិញ ខណៈ​មាន​បុគ្គល ២​រូប ធ្វើ​របង​បិទផ្លូវ កាលពី​ស​ប្តា​ហ៍​មុន នៅ​ចំណុច​ភូមិ​រួត​ប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ កន្លង​មក​ពលរដ្ឋ​បាន​នាំ​គ្នា​មក​តវ៉ា សុំ​ឲ្យ​ជួយ​អន្តរាគមន៍​បើកផ្លូវ​នេះ​ឡើង​វិញ​ម្តង​រួច​មក​ហើយ នៅ​សង្កាត់​អូរ​ស្មាច់ ប៉ុន្តែ​លោក អ៊ុ​ក ប៊ុ​ន​ហេង ដែល​ជា​ចៅសង្កាត់​អូរ​ស្មាច់ បាន​ប្រាប់​ថា លោក​មិន​មាន​សិទ្ធិ​ដោះស្រាយ​ជូន​ទេ លោក នឹង​បញ្ជូន​រឿង​នេះ ទៅ​ដោះស្រាយ​បន្ត​នៅ​ឯ​សាលាក្រុង​សំរោង ៕

nmr