កំពង់ធំ៖ នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានចុះធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង ។
ក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ ។
លោកបានបញ្ជាក់ឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺយើងចាក់បង្ការជំងឺសាទឹក ដល់សត្វពាហនៈចំនួនជាង ២០០ក្បាល នៅក្នុងភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លើសពីនេះ សម្រាប់បណ្ដាភូមិ ឃុំ ផ្សេងទៀត គឺភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាក់សាំងបង្ការនេះជូនពលរដ្ឋរហូតចប់សព្វគ្រប់ ។
លោក សាយ គឹមឡម ក៏បានណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតី សូមទាក់ទង ឬ រាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬ អាជ្ញាធរដែនដី មេភូមិ មេឃុំ ឲ្យបានទាន់ពេលវេលាទើបពួកគាត់ជួយព្យាបាល និង ទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន ៕