ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា នៅទូទាំងរាជធានីភ្នំពេញ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ លោក ឃ្លាំង ហួត បានឲ្យដឹងថា កុងស៊ីទទួលបញ្ចាំ ដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់ គឺរួមមាន៖ ទទួលបញ្ចាំរបស់ចោរ, ទទួលបញ្ចាំរបស់គ្មានឯកសារ, ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់, និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ។
លោកអភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវថា «សូមប្រជាជនរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីនៃយើង»។
លោក ឃ្លាំង ហួត បានបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង និងក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់។
សូមជម្រាបថា ដោយទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺលោក ឃ្លាំង ហួត ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់-ភូមិ បានបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម ៖
-បានចុះបង្ក្រាបចំនួន ១៣ទីតាំង
-បានដកហូតម៉ូតូសរុបចំនួន ១,១១៣ គ្រឿង-បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង
-បានដកហូតPassappសរុបចំនួន ១២ គ្រឿង-បានដកហូតកង់បីសរុបចំនួន ៩ គ្រឿង។
បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញសរុបចំនួន ១០ គ្រឿង។
ចំពោះប្រជាពលរដ្ឋរូបណាដែលបានបាត់ម៉ូតូ ហើយយរកមិនទាន់ឃើញញ សូមកុំទាន់អស់សង្ឃឹម ក្រុមការងារ នឹងខិតខំប្រឹងប្រែងស្វែងរកបន្តទៀត។ នេះបើតាមសំណេររបស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយលោកបានបន្ថែមថា «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់អ្នករកស៊ីខុសច្បាប់ទាំងឡាយ សូមកែខ្លួនត្រឡប់មករកស៊ីទទួលទានដោយសុចរិតវិញ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រដល់ប្រតិបត្តិការនេះ និងចូលរួមសហការផ្ដល់ព័ត៌មានដល់យើងខ្ញុំ»៕