ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជសវិញហើយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក, បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបំពេញបេសកកម្មនៅក្រៅប្រទេសរយៈពេលពេញមួយសប្តាហ៍កន្លងទៅនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ។ ក្នុងនោះ ទាក់ទងទៅនឹងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ បានផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបជាបន្តបន្ទាប់គ្នា ជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា សម្ដេចតេជោ បានទទួលជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសគុយបាសំខាន់ៗដូចជា ឯកឧត្តមប្រធានាធិបតីគុយបា ប្រធានរដ្ឋសភាគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមទាំងការចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៣ ផងដែរ សម្រាប់បម្រើប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្រាប់កម្មវិធីចុងក្រោយសម្ដេចតេជោបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានោះសម្ដេចតេជោក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតរបស់ប្រទេសជប៉ុនផងដែរ៕
nmr