សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីឲ្យស្របតាមច្បាប់បោះឆ្នោត ពីព្រោះកន្លងមកសម្តេចបានដូរថ្ងៃខែឆ្នាំកំណើត។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួនជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី១៧តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទន្ទឹមនឹងការអំពាវនាវដល់អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា ខណៈសម្តេចក៏នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាថ្មីឡើងវិញដែរ ខណៈកន្លងទៅសម្តេចបានកែប្រែថ្ងៃខែឆ្នាំកំណើត។
សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
សូមជម្រាបជូនផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕