សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀត អាចនឹងបញ្ចប់នៅខែវិច្ឆិកា ដូចការគ្រោងទុក។
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ការងារនឹងបញ្ចប់ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ ហើយការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណ រៀបត្រូវតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ ។
លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា និងជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងជើង បានឱ្យដឹងថា ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែការរៀបកាំជណ្តើរថ្មភក់បុរាណ ត្រូវតាមលំនាំដើម មានដំណើរការរលូនល្អ មិនរើផ្គុំច្រើនលើកច្រើនសារ។
លោកស្រី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត នៅសេសសល់ប្រហែល១០ភាគរយប៉ុណ្ណោះ ដូចជាការសម្អាត និងបំពេញថ្មភក់ថ្មីជំនួសថ្មភក់ចាស់ដែលបាត់បង់ ដើម្បីឱ្យកាំជណ្តើរមានលំនឹងឡើងវិញ។
គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ៧ខែមកហើយ។ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង ចំនួន៧ដំណាក់កាលរួចមកហើយ បើគិតជាប្រវែង ប្រមាណ ១៤៣ម៉ែត្រ៕