ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី តាមរយៈគម្រោង “ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹក តំណាងក្រសួងបរិស្ថាន តំណាងសហភាពអឺរ៉ុប (EU) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា លោក លោកស្រី តំណាងស្ថាប័នឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” តាមរយៈចំណាប់អារម្មណ៍ ដែលមានខ្លឹមសារជាអាទិ៍ថា៖ ដោយសង្កេតឃើញពីកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូននៅក្នុងទីក្រុង ដែលនាំឱ្យកំណើនយានយន្តកាន់តែមានការកើនឡើងមួយឆ្នាំទៅមួយឆ្នាំ មិនថាតែយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងយានយន្តអគ្គិសនីនោះទេ។ ហេតុនេះហើយ ដើម្បីចូលរួមចំណែកក្នុងការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត គឺជាចំនុចគន្លឹះយ៉ាងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ និងសហការគ្នា។ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។
លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវការបង្កើនការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបានរហូតដល់៧០% នៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយ និងជំរុញឱ្យមានការប្រើប្រាស់ទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន។ ភាពជោគជ័យនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូននេះអាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាយើង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននាពេលអនាគត។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចសហការកន្លងមករបស់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានារួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ម៉ាស៊ីនបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤គ្រឿង (២) ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់នូវសម្ភារបិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន ៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ដែលធ្វើការសម្ពោធក្នុងឱកាសនេះផ្ទាល់។
បន្ថែមពីលើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងឱកាសនេះក៏មានការប្រគល់ទទួលនូវយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗ ដែលរួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ជូនម៉ូតូអគ្គិសនីចំនួន ៣០គ្រឿង (២)ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ២គ្រឿង និង (៣) ក្រុមហ៊ុន BYD បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ១គ្រឿង ហើយជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនដៃគូចំនួន ៤គ្រឿងបន្ថែមទៀតផងដែរ។
សូមជម្រាបជូនដែរថា៖ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរកដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជនចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ខ្លួន បាន១ទីតាំងផងដែរ។ ថ្មីៗនេះដែរ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០ទីតាំងបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន BYD គ្រោងនឹងដំឡើងចំនួន ២០០ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ផងដែរ៕