ភ្នំពេញ ៖ តាមរយ:ទំព័រហ្វេសប៊ុក កាកបាទក្រហមកម្ពុជា បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព និងរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក នៅភូមិចំនួន២ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត មានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យក្រុមការងារថ្នាក់កណ្តាលសហការជាមួយសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមកនេះសរុប១៣៧គ្រួសាររស់នៅភូមិចំនួន២ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ក្នុងនោះក្រុមការងារបានធ្វើការបែងចែកចំនួន២ទីតាំងផ្សេងគ្នារួមមាន៖ ទីតាំងទី១ភូមិកាំងក្ងោក៧០ គ្រួសារ និងទី២ ភូមិកំពង់ប៉ាង៦៧គ្រួសារ។
ស្ថិតក្នុងបរិយាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមវេជ្ជបណ្ឌិត បាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។
ទន្ទឹមនេះឯកឧត្តម បាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុ ដែលកំពុងចុះត្រជាក់អាចបណ្តាលឱ្យកើតមានជម្ងឺផ្តាសាយ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗមានដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គីភ័យជាដើម ព្រោះរដូវនេះមានខ្យល់ខ្លាំងហើយស្ងួត អាចបណ្តាលឱ្យមានការឆាបឆេះលឿនពិបាកក្នុងការគ្រប់គ្រង។
តំណាងប្រជាពលរដ្ឋទាំងពីរភូមិខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងផ្តល់អំណោយមនុស្សធម៌ដល់ពួកគាត់នាពេលនេះ ដែលកំពុងតែមានការខ្វះខាតក្នុងជីភាព នេះជាការលើកឡើងរបស់ពួកគាត់។
បន្ថែមពីនោះទៀតឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា« ថ្ងៃទិវាមហាជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលក្នុងនោះសន្តិភាពរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ម្យ៉ាងទៀតបើគ្មានសុខសន្តិភាពទេ ក៏ក្រុមការងារកាកបាទក្រហមកម្ពុជាមិនអាចមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដូចពេលនេះដែរ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាសន្តិភាពមួយនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ខណៈនោះដែរ បន្ទាប់ពីប្រគល់នៅតាមទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទាំងនោះជូនដល់ពីរគ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាធ្វើដំណើរបាន រួមទាំងនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តសីហារាម (ហៅវត្តកាំងចាម) នូវចំនួនអង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស និងថវិកាចំនួន៧០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាចូលរួមពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារងាយរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង , ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (មុង ភួយ សារុង ក្រមា ) ១កញ្ចប់។ ដោយឡែកជនចាស់ជរា ជនមានពិការភាព និងស្រ្តីទើបសម្រាលកូនរួចដែលមានជីវភាពខ្វះខាត ក៏ទទួលបានថវិកាមួយចំនួនបន្ថែមទៀតផងដែរ៕