ភ្នំពេញ: នៅព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ម្សិលមិញ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យកាត់ឬសសីមាសម្ភោធ ឆ្លងវិហារនិងសមិទ្ធផលនានាក្នុងវត្ត ពោធិសិលារ៉ាម ហៅវត្តគីឡូលេខ៨ ស្ថិតនៅភូមិឯកភាព សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលពិធីនេះក៏មានវត្តមាន និមន្តចូលរួមពី ព្រះអង្គ ឡុង សុមុនី ព្រះមេគុណខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃជាព្រះមេគណ ធម្មយុត្តិកនិកាយខេត្ត និងព្រះចៅអធិការវត្តដែលបាននិមន្តមកពីវត្តផ្សេងៗ ក្នុងខេត្ត ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយលោកតា សិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងពុទ្ធបរិសទ្ធជាច្រើនរូប។
យោងតាមរបាយការណ៍របស់គណៈកម្មការវត្ត ពោធិសិលារ៉ាម បានឲ្យដឹងថា សមិទ្ធផល ថ្មីដែលបានសម្ភោធឆ្លងនាពេលនេះ គឺជាព្រះវិហារ ដែលបានកសាងឡើងអំពី ថ្មបេតុងអាម៉េ ប្រក់ក្បឿង ដែលមានទទឹងប្រវែង ៩ ម៉ែត្រ និង បណ្តោយ ១៨ ម៉ែត្រ ដែលបានចាប់ផ្ដើម ដំណើរសាងសង់ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០០៩ បានសាងសង់រួចរាល់ មួយរយភាគរយ ដោយចំណាយថវិកាអស់ចំនួន ៣៤ ម៉ឺនដុល្លា ដែលថវិកាទាំងអស់នេះបានមកពី សទ្ធាជ្រះថ្លា ដ៏មុតមាំ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានកោតសរសើរចំពោះការ រីកចម្រើនរបស់វត្ត ពោធិសិលារ៉ាម និងបានថ្លែងអំណរគុណដល់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ ព្រះអង្គ ជាពិសេស ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ដែលបានលះបង់នូវ ថវិកាផ្ទាល់ខ្លួន ចូលរួមកសាងនូវសមិទ្ធផលនានា ជាពិសេសព្រះវិហារដ៏ស្រស់ស្អាតនាពេលនេះ ទុកជាកេរ្តិ៍មរតកសម្រាប់ព្រះពុទ្ធសាសនា និងបានជាប្រយោជន៍ដល់សាធារណៈជនទូទៅ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ព្រះសង្ឃ សូមបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ច និងគោរពប្រតិបត្តិធម៌វិន័យ និងការចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស អប់រំនូវសីលធម៌សង្គមឲ្យបានល្អផូរផង់ ធានាបាននូវសាមគ្គីភាព នៅក្នុងជួរពុទ្ធសាសនិក ដែលជាប្រការដ៏សំខាន់បំផុត និងសុំឲ្យបន្តស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
បន្ទាប់មកឯកឧត្តម ក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់សប្បុរសជន និងបានអញ្ជើញកាត់ឬសសីមាសម្ភោធឆ្លងព្រះវិហាជាកិច្ចបញ្ចប់កម្មវិធី៕