ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណ១២០នាក់។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យទន្លេនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីបុណ្យទន្លេលើកទី៧នេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាពទាក់ទាញជាច្រើន ដូចជា៖
– ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្រ្តី
– មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក
– សកម្មភាពកីឡាលើគោក និងលើទឹក
ដើម្បីជំរុញដំណើរការរៀបចំបុណ្យទន្លេលើកទី៧នេះឲ្យបានរលូន និងទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយលេខ ០៩សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ ចាបពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
nmr