ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបជូនអង្គសិក្ខាសាលាថា ស្របតាមអនុលោមស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលការណ៍ណែនាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំអនុវត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំប្រឹងប្រែងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ដោយបានពិនិត្យនូវរាល់ឯកសារគតិយុត្ត និងភារកិច្ចអនុវត្តជាក់ស្តែងចាប់តាំងពីក្រសួងកកើតរហូតមកដល់ពេលបច្ចុប្បន្ន។ ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់នូវសេចក្តីព្រាងឯកសារពាក់ព័ន្ធតាមគោលការណ៍ណែនាំ រួមមាន៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែលត្រូវផ្ទេរចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និងការផ្តល់សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ សូមជម្រាបថា សិក្ខាសាលាដែលកំពុងដំណើរការនេះ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំដែលជាប្រធានស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣ រួមមាន៖ […]
ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលនានានៅក្នុងការឆ្ពោះទៅសម្រេចបុព្វហេតុបរិស្ថាន ជាពិសេសការសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព របស់យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ តាមរយៈការតាំងបង្ហាញនេះដែរក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយសំណល់ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំងប្រទេស បានអ្នកចូលរួមប្រមាណ៥លាននាក់ និងបន្តកៀរគរការចូលរួមពីស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីសហការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។
ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ។ “ការផ្តួចផ្តើមរៀបចំសិក្ខាសាលានាពេលនេះ ជាការគិតគូរយ៉ាងសមស្របក្នុងការទទួលព័ត៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ និងទទួលការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងការសហការគ្នាលើការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្រសួងសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។