ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការអញ្ជើញពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈបញ្ជាការសន្ដិសុខ គ.ស.អ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងសមាជិក នៃ គ.ស.អ ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ បានឡើងអានអនុក្រឹត្យ ស្ដីពីការបំពេញបន្ថែមសមាសភាព និងកែសម្រួលភារកិច្ចរបស់ គ.ស.អ ដោយឯកឧត្តម បានបញ្ជាក់ថា គ.ស.អ មានតួនាទី និងភារកិច្ចតាមដាន ត្រួតពិនិត្យ រៀបចំ គ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា គ.ស.អ ធ្វើការពិគ្រោះយោបល់ និងចាត់ចែងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងវិស័យការងារផ្សេងៗទៀត តាមសំណើរបស់ គ.ជ.ប ឬ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំងផែនការអន្តរស្ថាប័នរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ក្រមសីលធម៌ និងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗទៀត។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ បានឡើងអានសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថា ដើម្បីចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានដំណើរការប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ គ.ស.អ និងគ.ជ.ប បានណែនាំដល់យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ព្រមទាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឱ្យ យកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ណែនាំ ដូចជា ៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ត្រូវបានស្នើសុំ និងចាត់តាំងឱ្យបំពញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីការពារការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមសំណូមពររបស់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ជាទូទៅ កម្លាំងនគរបាលត្រូវបានប្រើប្រាស់ ដើម្បីការពារផ្ទាល់នៅតាមគោលដៅសំខាន់ៗជាអាទិភាព ក្នុងករណីមានការខ្វះកម្លាំងនគរបាល ចំនួនកម្លាំងដែលខ្វះនោះអាចត្រូវបានបំពេញ ដោយកម្លាំងប្រជាការពារ ឬកងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ។ ការផ្តល់សេវាសន្តិសុខ សុវត្ថិភាពដល់មុខសញ្ញា និងគោលដៅ ទាំងអស់តម្រូវឱ្យមានការរៀបចំការពារជារួម និងមានលក្ខណៈប្រយោល ឬមិនចំពោះ ពីព្រោះមិនមានលទ្ធភាពបើប្រាស់កម្លាំងការពារផ្ទាល់សម្រាប់មុខសញ្ញា និងគោលដៅនីមួយៗបានទាំងអស់ឡើយ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះ ឯកឧត្តម ប្រធាន គ.ជ.ប បានធ្វើការអំពានាវដល់គ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។
ឯកឧត្តម ប្រធាន គ.ជ.ប បន្ដថា អាជ្ញាធរសាធារណៈទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។ លើសពីនេះទៀត កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវ គោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលរៀបចំដោយ គ.ជ.ប។ ជាសេស ត្រូវទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.អ បានលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនលើក ច្រើនសារ កន្លងមក រួមទាំងការបោះឆ្នោតនាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងបណ្ដាលគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស ការគោរពនីតិរដ្ឋ និងការវិវត្តន៍នៃប្រទេសជាតិ ដើម្បីភាពសុខសាន្ដ សំបូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់ប្រទេសជាតិ លើឆាកអន្ដរជាតិផងដែរ។
សម្ដេចក្រឡាហោម បន្ថែមថា ការទទួលបានជោគជ័យជាបន្ដបន្ទាប់ សម្រាប់ការរៀបចំព្រឹត្តិការណ៍នយោបាយ រួមទាំងភាពជោគជ័យ នៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងមក គឺអាស្រ័យដោយក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ បានរៀបចំផែនការសកម្មភាពយ៉ាងហ្មត់ចត់ សមស្របទៅនឹងស្ថានភាពជាក់ស្ដែង គួបផ្សំនឹងការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.អ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម លោកជំទាវ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ការធានាស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក ដែលចលនាប្រកបដោយសុឆន្ទៈ និងសង្គតិភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីវឌ្ឍនភាព និងភាពរឹងមាំនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
សម្ដេចក្រឡាហោម បន្ថែមថា រហូតមកដល់បច្ចុប្បន្ននេះ សភាពការណ៍ទូទៅនៃពិភពលោក នៅតែបន្តស្មុគស្មាញ និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស គ្មានភាពច្បាស់លាស់ និងមិនអាចប៉ាន់ស្មានបាន រួមទាំង ការបន្តឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ មិនទាន់ផុតរលត់នៅឡើយ។ ស្ថានការណ៍ ប្រកបដោយភាពអវិជ្ជមាននេះ បានជះឥទ្ធិពលបង្កហានិភ័យនៅគ្រប់តំបន់ ហើយក្នុងខណៈ ពេលដូចគ្នានោះដែរ ក៏មានប្រទេសមួយចំនួនទាំងក្នុង និងក្រៅតំបន់ កំពុងប្រឈមទៅនឹងសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុង ដោយទទួលរងនូវសោកនាដកម្ម និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ចំពោះព្រះរាជាណាចក្រកម្ពុជា បើទោះបីជាបានទទួលរងឥទ្ធិពលដោយផ្ទាល់ ឬដោយ ប្រយោលពីព្រឹត្តិការណ៍ដូចបានពោលខាងលើនេះក្តី ប៉ុន្តែស្ថានភាពពិត គឺកម្ពុជាកំពុងតែស្ថិត ក្រោមម្លប់នៃសន្តិភាព រក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាន នូវអំពើភេរវកម្ម រក្សាបាននូវសន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបាន នូវប្រក្រតីកម្មស្ថាប័នជាតិ និងធានាសុវត្ថិភាពទាំងស្រុងសម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.អ បានឱ្យដឹងថា ជាការពិតណាស់ ស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr