Apple តែងតែព្យាយាមប្រកាសចេញ iPhone ស៊េរីថ្មីៗជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ក៏អាចនឹងមិនខុសគ្នាដែរ ដោយមានរបាយការណ៍ចុះផ្សាយថា Apple នឹងប្រកាសចេញ iPhone 15 Series នៅថ្ងៃទី ១៣ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារចេញផ្សាយពី 9to5Mac បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៣ របស់ Apple នឹងមានការផ្លាស់ប្តូរពីឆ្នាំមុន ដោយជំនាន់ iPhone 14 ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ដែលនេះមានន័យថា នឹងខុសត្រូវគ្នារយៈពេល ៦ថ្ងៃសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញ iPhone 15 ដែលប្តូរពីដើមខែមកពាក់កណ្តាលខែជំនួសវិញ។
ប្រភពខាងលើបានអះអាងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ ក្រុមហ៊ុន Apple បានស្នើសុំបុគ្គលិកមិនឱ្យឈប់សម្រាកនៅអំឡុងថ្ងៃទី១៣ ខែកញ្ញា នោះទេដោយលើកហេតុផលថា ជាថ្ងៃបើកព្រឹត្តិការណ៍ «ប្រកាសស្មាតហ្វូនដ៏សំខាន់»។