តារាសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តួអង្គ «Aquaman» គឺលោក Jason Momoa បានព្រមានអ្នកគាំទ្រកុំឲ្យព្យាយាមទៅលេងនៅកោះហាវ៉ៃ ដែលមានភ្លើងឆេះ ព្រៃដ៏ប្រល័យបំផុត បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ ហេតុការណ៍នេះ បានធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុត នៅសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
តារាសម្តែង Aquaman វ័យ៤៤ឆ្នាំរូបនេះ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ខណៈដែលតួលេខមនុស្សបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្តកើនដល់ ៩៣នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែសីហានេះ។ លោកបានធ្វើសេចក្តីថ្លែងការណ៍នៅលើ Instagram ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក និងវីដេអូនៃការឆាបឆេះជាមួយនឹងពាក្យថា «កុំធ្វើដំណើរទៅ Maui»។