ព័ត៌មានថ្មីៗ

ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបាន ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។

ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបាន ភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។
nmr