ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចធ្វើកំណែទម្រង់ការលក់បណ្ណ និងកែទម្រង់់នីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ចំនួន ៦ ចំណុច។ ក្នុងនោះ រួមមាន សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃគឺ សម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរ ព្រមទាំងកែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំមួយចំនួនទៀត។ ជុំវិញកំណែទម្រង់នេះ អ្នកនៅក្នុងវិស័យទេសចរណ៍ បានអបអរសាទរ និងមានការជឿជាក់ថា វិធានការនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរកាន់ច្រើនឡើងថែមទៀត។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី ៤ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
អង្គប្រជុំ បានសម្រេចធ្វើកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យ កាន់តែប្រសើរឡើង ចំនួន ៦ ចំណុច រួមមាន ទី១ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ គឺសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូល ទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ២០២៤ តទៅ។
ទី ២ សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃគឺបន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណ ចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។
ទី៣- កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំដោយកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាម ច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។
ទី៤ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self- Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។
៥ គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ,
និងចុងក្រោយទី៦- បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី ២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្ស រមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៥ តទៅ។
អ្នកនៅក្នុងវិស័យទេសចរណ៍បានអបអរសាទរ និងស្វាគមន៍ចំពោះការកែទម្រង់ជាក់លាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រាប់វិទ្យុបាយ័នថា ការកែទម្រង់បែបបទនៃការទិញបណ្ណទស្សនារមណីដ្ឋានអង្គរគឺជាការដោះចេញនូវភាពសុំាញុំាបានច្រើន ព្រោះនាពេលកន្លងមក ភ្ញៀវទេសចរអន្តរជាតិពិតជាមានការរារែក ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងអត្តសញ្ញាណផ្ទាល់ខ្លួនក្នុងការទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរនេះ។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ៖ «ការត្រួតពិនិត្យទីតាំងច្រកចូល ក៏ដូចជា តាមប្រាសាទនានា ក៏បានធ្វើឱ្យភ្ញៀវភិតភ័យ ហើយក៏មានការអាក់អន់ស្រពន់ចិត្ត ទៅលើកាយវិការកែវភ្នែកសម្លឹងទៅរកខ្សែកនៅកន្លែងដើមទ្រូងសម្រាប់ភ្ញៀវនារីគឺគាត់ភិតភ័យមែនតែន ហើយជួនកាលកាយវិការអ្នកត្រួតពិនិត្យធ្វើឱ្យភ្ញៀវយល់ច្រឡំ អីចឹង យើងដោះចេញភាពសុំាញុំាទាំងអស់នេះគឺជាការចូលរួមចំណែកក្នុងការផ្តល់បដិសណ្ឋាកិច្ចដល់ភ្ញៀវ»។
លោកស្រី ឆាយ ស៊ីវលីន ក៏បានកោតសរសើចំពោះការកែសម្រួលប្រព័ន្ធត្រួតពិនិត្យ ដោយជំនួសមកវិញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណរមណីដ្ឋានអង្ករ។
លោកស្រីបញ្ជាក់ថា ៖ «យើងជំនួសមកវិញនូវការបំពាក់ឧបករណ៍ផ្សេងៗទៀត ក៏ដូចជា វិធីផ្សេងៗទៀត ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវ ព្រោះភ្ញៀវ ដែលយើងតែងតែនិយាយថា ភ្ញៀវគឺជាស្តេច អីចឹង ភ្ញៀវដែលបានចូលមកគឺត្រូវតែមានការទទួលស្វាគមន៍ដោយភាពរាកទាក់ ដោយកាយវិការរាកទាក់ ហើយយើងក៏មានរឿងមួយចំនួនទៀត ដែលយើងគួរតែធ្វើការដោះចេញផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសចំនួន ៥៨ម៉ឺននាក់ និងរកប្រាក់ចំណូលបានចំនួនជាង ២៧ លានដុល្លារអាមេរិក កើនឡើង ៣៣,៧៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕