ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារី ដើម្បីសន្តិភាពចុះអនុស្សរណៈគ្នាលើក កម្ពស់ដោះស្រាយវិវាទនៅមូលដ្ឋាន



ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។

 

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរទៀត ហើយឯកឧត្តម ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

 

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន៕ អត្ថបទ៖បាន ចក់

nmr