លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ម៉ាក ខាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បាត់ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំនៅផ្ទះជាមួយ ។ លុះនៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ គាត់បានទៅរកចៅស្រី ឃើញនៅនឹងផ្ទះឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ហើយនាំចៅមកផ្ទះវិញ ។ តាមការសាកសួរចៅស្រីគាត់ប្រាប់ថា នៅយប់នោះដេកនៅផ្ទះឈ្មោះ ព្រួញ មករា ត្រូវបានឈ្មោះមករា រួមភេទជាមួយបានសំរេច ចំនួន ០២ លើក ។
លោកអធិការឲ្យដឹងទៀតថា៖ ក្រោយពីទទួលបានបណ្តឹងពីជីតា និងស្តាប់ការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះ ព្រួញ មករា យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ព្រួញ មករា គឺពិតជាបានរួមភេទជាមួយក្មេងស្រីជាអនីតិជនពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕