ព័ត៌មានថ្មីៗ

ក្រសួងការបរទេសកម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការអំពីចំនួនពលករខ្មែរឆ្លងជំងឺកូវីដនៅថៃនៅឡើយទេ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្រសួងនៅមិនទាន់មានព័ត៌មានផ្លូវការអំពីចំនួនពលករខ្មែរដែលឆ្លងជំងឺកូវីដនៅក្នុងប្រទេសថៃនៅឡើយទេ។ ដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃកំពុងតែធ្វើការជាមួយអាជ្ញាធរថៃ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើឡើងបន្ទាប់ពីមន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានថា គិតមកដល់ជិតចុងខែកក្កដា ឆ្នាំ២០២១នេះ ពលករខ្មែរប្រមាណ ៩ពាន់នាក់ហើយ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ខណៈពលករខ្មែរជាស្រ្តីម្នាក់នៅថៃ ទើបនឹងបាត់បង់ជីវិតដោយសារជំងឺនេះ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា “យើងមិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់អំពីចំនួនពលករខ្មែរដែលឆ្លង Covid ទេ។ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះអាចច្រឡំជាមួយពលករឡាវ និងមីយ៉ាន់ម៉ា”។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ មានចំនួន ៤២៦,៤៧៥ នាក់ , អ្នកជាសះស្បើយមានចំនួន ២៩៦,២០៨ នាក់ អ្នកកំពុងព្យាបាលមានចំនួន ១២៦,៧៦៥នាក់ និងស្លាប់មានចំនួន ៣៥០២នាក់៕
nmr