ព័ត៌មានថ្មីៗ

កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតនៃប្រទេសដៃគូ ត្រៀមការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅខែវិច្ឆិកាខាងមុខ

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។
ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និងផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។
កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤:០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។
ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (៥) វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១ និង (៦) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នឹងត្រូវប្រព្រឹត្តទៅអមជាមួយកិច្ចប្រជុំកំពូលនេះផងដែរ។
nmr