ព័ត៌មានថ្មីៗ

អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៅក្នុងខេត្ត

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ នៅក្នុងខេត្តកណ្ដាល។
សម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ អាវពេទ្យចំនួន២១កេស ស្មើនឹង១០៥០អាវ ស្រោមដៃចំនួន ៤០កេស ស្មើនឹង៤០ប្រអប់ ម៉ាសចំនួន ២២០កេស ស្មើនឹង១១០០ប្រអប់ ទឹកសម្អាតដៃចំនួន ១១០កេស ស្មើនឹង៥២៨០ដប ជែលសម្អាតដៃចំនួន ៤៤កេស ស្មើនឹង១៣២០ដប សាប៊ូម្សៅចំនួន២២កេស ស្មើនឹង៤៤០កញ្ចប់ និងធុងបាញ់ថ្នាំចំនួន២២គ្រឿង។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកសម្ភារៈទាំងអស់នេះ ទៅចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវគៀងគស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើន។
ឯកឧត្ដមអភិបាលខេត្តក៏បានបន្តថា គិតមកដល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តកណ្ដាល មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ ហើយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ទូទាំងខេត្តកណ្ដាលមានចំនួន ១៥៧២នាក់ ហើយមន្ត្រីជំនាញបានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាមណ្ឌលចត្តាឡីស័កចំនួន ៨៥៣នាក់ និងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៧០២នាក់ ហើយក្នុងចំណោមអ្នកដែលបានធ្វើចត្តាឡីស័កទាំងអស់នោះអ្នកដែលបានយកសំណាក់ទៅពិនិត្យមានចំនួន ១១២៤នាក់រួចរាល់ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
nmr