(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការសម្រេចបើកដំណើរការឡើងវិញ នូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក ដែលជាអាជីវកម្មមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរង់ចាំដល់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ប្រសិនបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក អាចនឹងមានហានិភ័យឆ្លងក្នុងកម្រិតខ្ពស់ ខុសពីការបើកដំណើរសាលារៀន ដែលមានសិស្សានុសិស្ស ប្រមាណ៣លាននាក់។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ។ បើកសាលាមនុស្សជាង៣លាននាក់ចូលរៀន តែឆ្លងមានកម្រិតតូច មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃប្រឆាំងនឹងការចាក់វ៉ាក់សាំង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលស៊ូទ្រាំការលំបាកពីពេលមុន រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ក្នុងពេលដែលបានធ្វើដំណើរតាមដងផ្លូវ បានឃើញបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងការគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ៕