រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សូមជម្រាបជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថាចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ទៅ ត្រូវគិតកម្រៃធម្មតាវិញ លើកលែងមិនគិតកម្រៃចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការនី និងគ្រូបង្រៀន។
ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឲ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមខ្សែរត់ដូចខាងក្រោម៖
១.រថយន្តក្រុង៖
-ខ្សែទី១: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ
-ខ្សែទី២: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។
-ខ្សែទី៣: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។
-ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។
-ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីចោមចៅ។
២.កាណូត៖ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ ។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ- កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។
ល័ក្ខខ័ណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញ វ័យ ពាក់ម៉ាស់ លាងដៃនិងអាល់កុល វាស់កម្ដៅ ស្តេន QR Code និងអង្គុយតាមកៅអី ដែលបានរៀបចំ៕