កំពតៈ លោក ម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពត បានថា សាលាក្រុង មិនទាន់ទទួលបាន នូវសេចក្តីរាយការណ៍ ពីអាជ្ញាធរសង្កាត់អណ្តូងខ្មែរ ទាក់ទិននឹងបញ្ហានេះ នៅឡើយទេ។ ក្រុងនឹងរៀបចំក្រុមការងារ ចុះទៅពិនិត្យ នាពេលឆាប់ៗ ខាងមុខ ដើម្បីឈានទៅមាន ចំណាត់ការ។
តាមការរៀបរាប់ពលរដ្ធរស់នៅទីនោះថា ប្រហែល ៨ ទៅ ៩ ឆ្នាំមុន គ្រួសារមួយ ដែលមានលំនៅស្ថាន ក្បែរអណ្តូងព្រេង បានហៅរថយន្ត ជាច្រើនគ្រឿង ដឹកដីមក ចាក់លុប អណ្តូងបុរាណនេះ យ៉ាងគគ្រឹកគគ្រេង។ ឃើញបែបនោះ អ្នកភូមិ បានរាយការណ៍ ដល់អាជ្ញាធរ សង្កាត់អណ្តូងខ្មែរ ដើម្បីចុះអន្តរាគមន៍ ខណៈពេល ចាក់ដី បានប្រមាណជិត ១០ រថយន្ត ។ តាមការបញ្ជាពីចៅសង្កាត់ អនុប្រធាន ភូមិទ្វីខាងជើង ក៏មកដល់ រួចតម្រូវឱ្យឈប់ ដោយប្រាប់ថា ចាក់តែពីររថយន្ត ដែលទើបដឹកដី មកដល់នោះបានហើយ។
អ្នកភូមិបន្តថា អណ្តូងបុរាណ ដែលមានឈ្មោះថា អណ្តូងព្រេង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រង់ចំណុចក្បែរផ្លូវ ឆ្ពោះទៅកាន់រមណីយដ្ឋាន ធម្មជាតិទឹកឈូ និងជាចំណែក នៃចំណីផ្លូវរថភ្លើង កំពុងរងការបំពាន ប៉ុនប៉ងកាន់កាប់ ពីគ្រួសារមួយ តាមរយៈការចាក់ដីលុប បន្តិចម្តងៗ។ អាជ្ញាធរមូលដ្ឋាន មានភាពត្រជាក់រហឹម សម្រាប់កិច្ចការពារ ទ្រព្យសម្បត្តិសាធារណៈ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
ពលរដ្ធរស់នៅទីនោះបានបន្តទៀតថាៈ ដោយសារមិនមានអ្នកឃ្លាំមើលការលួចចាក់ម្តង មួយរថយន្តៗ បានបន្តជាហូរហែ រហូតសាងសង់ បានជាកន្លែងលក់ដូរ និងរោងលាង ម៉ូតូ រហូតដល់សព្វថ្ងៃ ពោលគឺ ផ្ទៃដីអណ្តូង បានបាត់អស់ប្រហែល ២០ ភាគរយ។ បច្ចុប្បន្ន សកម្មភាព លួចចាក់លុប បានចាប់ផ្តើមកម្រើកបន្ត ជាមួយការ លេចឮពាក្យ ថា គេនឹងយកទីតាំងនោះ ទៅកាន់កាប់ឱ្យទាល់តែបាន។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់ លោកអភិបាលក្រុងកំពត មេត្តាមានចំណាត់ការ ដើម្បីកុំឱ្យអណ្តូង បុរាណនេះ បាត់បង់ ទៅថ្ងៃក្រោយ។
មន្ត្រីទទួលការងារដីធ្លី នៃសាលាក្រុងកំពតម្នាក់ បានបញ្ជាក់ថាៈ ក្រៅពីជាដីចំណីផ្លូវ ថ្នល់ និងចំណីផ្លូវរថភ្លើង ទីតាំងនោះ ជាអណ្តូងបុរាណ បន្សល់ទុក ជាយូរយារ ណាស់មកហើយ។ ដូច្នេះមិនអាចបុគ្គលណាម្នាក់ យកជាកម្មសិទ្ធិបានឡើយ។ប្រភពដដែល បានបន្តថាៈ សម្រាប់សំណង់ ខាងកើតផ្លូវថ្នល់ ក្បែរផ្លូវរថភ្លើង ដដែលនោះ ក្រុមមន្ត្រីជំនាញ បានចុះទៅវាស់វែង កំណត់ជាដីរដ្ឋ រួចរាល់ហើយ។ ពេលឆាប់ៗខាងមុខសាលាក្រុង នឹងចេញសេចក្តីជូនដំណឹង តម្រូវឱ្យម្ចាស់រុះរើ ដោយខ្លួឯង៕